ចិន៖ បុរសពីរនាក់មកពីទីក្រុង Chengdu ប្រទេសចិនបានសហការចាប់ដៃគ្នាផលិតកង់ ពីដើមឬស្សី ដែលមើលទៅគួរអោយទាក់ទាញយ៉ាងខ្លាំងជាមួយនឹងរូបរាង យ៉ាងល្អប្រណិត មិនចាញ់កង់ដ៏ទៃនោះឡើយ ហើយវាថែមទាំងមានសមត្ថភាពខ្ពស់ ធន់ជាប់បានយូរថែមទៀតផង។
Abu ដែលមានដើមកំណើតក្នុងតំបន់ Tibet ហើយបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិន ហើយរូបគាត់ក៏ជាវិស្វករផ្នែក Design ដ៏មានទេពកោសល្យមួយរូបផងដែរក្នុងក្រុមហ៊ុនមួយប៉ុន្តែលោក Abu បែរជាសំរេចចិត្តលាឈប់ពីការងាររបស់គាត់ទៅវិញ។
ក្រោយមកនៅក្នុងឆ្នាំ ២០១១ គាត់ក៏ចាប់ផ្តើមធ្វើជាអ្នកភ្នាក់ងារទេសចរណ៍ ហើយតែងតែបានជួបជាមួយនឹងអ្នកធ្វើដំណើរ ដែលមានគំនិតចូលចិត្ត ធ្វើកង់ ឬច្នៃធ្វើកង់ មិនយូរប៉ុន្មាន រូបគាត់ក៏បែកគំនិត ផលិតកង់ពីដើមឬស្សីតែម្តង ហើយគាត់បានដាក់ឈ្មោះឲ្យវាថា «Bambike» ឬ «កង់ឬស្សី» ដោយសហការជាមួយលោក Jake ដែលជាម្ចាស់ហាងលក់កង់មួយ។
តាមរយះប្រភពព័ត៍មានក្នុងស្រុកមួយបានអោយដឹងថា កង់ឬស្សី ដែលគាត់ផលិតឡើងមកនេះ មិនមានលក្ខណះខុសគ្នាប៉ុន្មាន និងកង់ធម្មតានោះទេ ពោលគឺវារឹងមាំ គ្រប់គ្រាន់ដូចតែកង់ទូទៅដែរ។
បើតាមការឲ្យដឹងបន្ថែមពីលោក Abu និង Jake ជំហានដំបូងនោះ ត្រូវតែចេះធ្វើការថ្លឹងថ្លែងមើល រវាងឬស្សីសាច់ល្អ ជាមួយនឹងឬស្សីសាច់មិនល្អ ដោយធ្វើការជ្រើសរើសយកតែឬស្សីណាល្អ ឬខ្លឹមតែប៉ុណ្ណោះ ដើម្បីអាចធានាបានគុណភាព និងអាចផលិតកង់បានល្អ យ៉ាងហោចណាស់ប្រភេទឬស្សីទាំងនោះក៏មានអាយុកាលពី ៣ ទៅ ៥ឆ្នាំដែរ។
ប្រភព៖ Shanghaiist

